ដើម្បីឱ្យកូននៅស្ងៀម និងមិនរំខានឪពុកម្ដាយច្រើនតែឱ្យទូរសព្ទទៅកូន។ ហេតុអ្វី? ព្រោះវាងាយស្រួលធ្វើឱ្យពួកគេឈប់រំខាន។ តើអ្នកដឹងទេថាវិធីដ៏ងាយនេះបង្កបញ្ហាដល់កូនរបស់អ្នក?
ឪពុកម្តាយខ្លះមានមោទនភាពចំពោះកូនៗខ្លួន ដែលចេះប្រើទូរសព្ទ ឬប្រើកម្មវិធីផ្សេងៗបានយ៉ាងងាយ ខណៈដែលឪពុកម្តាយខ្លះអនុញ្ញាតឱ្យកូនគាត់ប្រើទូរសព្ទជាច្រើនម៉ោង ដើម្បីមើលវីឌីអូ លេងហ្គេម និងប្រើ ហ្វេសប៊ុក និង ទីកតុក ជាដើម ដោយមិនយល់ពីផលប៉ះពាល់អវិជ្ជមានលើកូនរបស់ពួកគាត់នៅឡើយទេ។
បញ្ហាមួយដែលតែងតែជួបប្រទះនោះគឺ ការញៀននឹងទូរសព្ទ ដែលពិបាកក្នុងការបញ្ឈប់ ឬដក ទូរសព្ទពីពួកគេវិញ។ បញ្ហាជាច្រើនទៀតមានដូចជា៖
ធ្វើឱ្យប៉ះពាល់ភ្នែក៖ ការមើលអេក្រង់នឹងប៉ះពាល់ភ្នែក ហើយបើប្រៀបធៀបរវាងកុមារ និងមនុស្សពេញវ័យ កុមារងាយនឹងរងផលប៉ះពាល់ជាង។
- ធ្វើឱ្យរំខានដល់ដំណេក៖ ពន្លឺដែលមាននៅលើអេក្រង់ទូរសព្ទនៅពេលយប់ ធ្វើឱ្យប៉ះពាល់ភ្នែក និងធ្វើឱ្យខួរក្បាលយើងគិតថាមិនទាន់យប់ ដូច្នេះខួរក្បាលក៏មិនទាន់ចង់សម្រាកដែរ។ កុមារប្រើទូរសព្ទនៅពេលយប់ នឹងមិនបានគេងគ្រប់គ្រាន់ ធ្វើឱ្យពួកគេឆាប់អស់កម្លាំង ពិបាកក្នុងការផ្តោតអារម្មណ៍ក្នុងថ្នាក់រៀន ប៉ះពាល់ដល់ការអភិវឌ្ឍរាងកាយជាដើម។
- ប៉ះពាល់សុខភាពផ្លូវចិត្ត៖ ការសិក្សាមួយបង្ហាញថា កុមារប្រើទូរសព្ទមួយម៉ោងក្នុងមួយថ្ងៃ អាចធ្វើឱ្យមានការកើនឡើងនៃជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់អារម្មណ៍។ កុមារ និងក្មេងជំទង់ដែលប្រើបណ្ដាញសង្គមមានទំនោរ មិនឱ្យតម្លៃខ្លួនឯង មានការថប់អារម្មណ៍ មានជំងឺធ្លាក់ទឹកចិត្ត និងធ្វើឱ្យគេងមិនសូវលក់ នេះបើយោង តាមសមាគមចិត្តសាស្រ្តចក្រភពអង់គ្លេស។
- ប៉ះពាល់សមត្ថភាពរៀនសូត្រ៖ ប្រសិនបើកុមារមានទូរសព្ទផ្ទាល់ខ្លួន ពួកគេនឹងចាប់អារម្មណ៍ និងឆាប់ងាកទៅមើលទូរសព្ទ ដែលជាហេតុធ្វើឱ្យពួកគេមិនអាចផ្តោតអារម្មណ៍នឹងអ្វីដែលពួកគេកំពុងរៀនក្នុងថ្នាក់។
- អាចក្លាយជាជនរងគ្រោះពីការរំលោភបំពានផ្លូវភេទតាមអនឡាញ៖ របាយការណ៍មួយដែលមានឈ្មោះថា ការបញ្ឈប់គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា របស់អង្គការយូនីសេហ្វប្រចាំនៅកម្ពុជាដែលចេញផ្សាយនៅក្នុងឆ្នាំ២០២២ បានរកឃើញថា កុមារកម្ពុជាដែលប្រើប្រាស់អ៊ីនធឺណិតចំនួន១១% ដែលស្មើប្រហែល១៦ម៉ឺននាក់ អាយុចន្លោះពី១២-១៧ ឆ្នាំ ធ្លាប់ទទួលរងនូវការរំលោភបំពាន និង ការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ។
ផលប៉ះពាល់នៃការប្រើទូរសព្ទនេះ មិនមែនកើតឡើងតែចំពោះកុមារតូចទេ វាក៏កើតឡើងចំពោះក្មេងជំទង់និងយុវជនផងដែរ។ តាមរយៈការសិក្សាជាច្រើនបានបង្ហាញថា ក្មេងជំទង់ដែលញៀននឹងការប្រើទូរសព្ទ ងាយនឹងកើតជំងឺថប់អារម្មណ៍ និងក៏បង្កឱ្យមានជំងឺធ្លាក់ទឹកចិត្តផងដែរ។
ប្រភព៖ SHERWOOD Community, Addition Tips, UNICEF