ដំណាក់កាលសំខាន់ៗនៃការអភិវឌ្ឍរបស់កុមារ

ការយល់ដឹងអំពីដំណាក់កាលនៃការអភិវឌ្ឍន៍​របស់​កុមារ​មានសារៈសំខាន់ ពីព្រោះវាជួយឱ្យ​មាតាបិតា​ដឹង​និង​អាច​ផ្ដល់ការ​គាំទ្រដល់ការលូតលាស់របស់កូន​​ក្នុង​ការ​បណ្ដុះ​ការលូតលាស់ផ្នែក​រាង​កាយ បញ្ញា អារម្មណ៍ និង​ស្មារតីកុមារ។


តើ​ឪពុកម្តាយអាចធ្វើអ្វីខ្លះ ដើម្បីជួយកុមារ​​​នៅក្នុងដំណាក់កាលលូតលាស់នីមួយៗ?

ការយល់ដឹងអំពីដំណាក់កាលនៃការអភិវឌ្ឍន៍​របស់​កុមារ​មានសារៈសំខាន់ ពីព្រោះវាជួយឱ្យ​មាតាបិតា​ដឹង​និង​អាច​ផ្ដល់ការ​គាំទ្រដល់ការលូតលាស់របស់កូន​​ក្នុង​ការ​បណ្ដុះ​ការលូតលាស់ផ្នែក​រាង​កាយ បញ្ញា អារម្មណ៍ និង​ស្មារតីកុមារ។

សម្គាល់៖ ប្រភពនានា​មាន​ការបែងចែកកម្រិត​អាយុ​​ខុសគ្នា។ ការបែងចែក​អាយុនេះ​គ្រាន់តែជាភាពប្រហាក់ប្រហែល ពុំមែនជាលេខកំណត់ដាច់ខាតនោះទេ។ កុមារ​មាន​កម្រិតនៃ​ការ​អភិវឌ្ឍន៍​មិនដូចគ្នាទេ ដូច្នេះ ចូរកុំប្រៀបធៀប និងសូមផ្ដល់ឱកាសឱ្យពួកគេទៅតាម​សមត្ថភាពនិងពេលវេលា ចៀសវាង​ការ​បង្ខំកូន ឬ​បាក់ទឹកចិត្ត​ខ្លួនឯង​នៅ​ពេលដែល​កុមារ​ផ្សេងដែល​មាន​អាយុប្រហាក់ប្រហែល​ ហាក់ដូចជាមានការចេះដឹងច្រើនជាងកូនរបស់​អ្នក។ ប្រសិន​បើអ្នកមានក្ដីបារម្ភ ឬចម្ងល់ សូមស្វែង​រកការប្រឹក្សាពី​គ្រូពេទ្យ ឬអ្នកជំនាញ​ពាក់ព័ន្ធ។

ទារក (ពីកើតដល់២ឆ្នាំ)

ទារកមានការលូតលាស់រាងកាយ និងខួរក្បាល​​ឆាប់រហ័ស។ ​ពួកគេ​អាច វារ ចាប់ផ្ដើមបោះជំហាន និងដើរតេះតះ។ ពួកគេអាចរៀន​ដោះស្រាយបញ្ហាសាមញ្ញៗ ដូចជា ព្យាយាម​កាន់ស្លាបព្រាបញ្ចុកចំណីខ្លួនឯង ឬ បើយើងបង្ហាញ​វត្ថុមួយឱ្យគាត់ រួច​យកលាក់នៅក្រោយខ្នង គេអាច​នឹងព្យាយាម​ស្វែងរកវា (ទារក​ដឹងថា វត្ថុនោះ​មិន​បាត់ទៅណាទេ)  ឬព្យាយាមបោះជំហាន និងទប់លំនឹងខ្លួនឯង ​តាមរយៈការ​សាកល្បងម្តងហើយម្ដងទៀត ។ល។ ម៉ាក់ប៉ា​អាចកសាងចំណង​ទំនាក់ទំនង​​រឹងមាំជាមួយកូនតាមរយៈ​ការនិយាយ​ទៅ​កាន់​ពួកគេ ឬសកម្មភាព​​ប្រាស្រ័យទាក់ទងនានា។ សម្ភារ​លេង​គួរ​ជំរុញ​ការអភិវឌ្ឍផ្នែកវិញ្ញាណ (ឧ. ការមើលឃើញ ការ​ប៉ះ ការលឺសូរ)  ដូចជាប្រដាប់លេង​ចម្រុះដែល​មាន​លក្ខណៈទន់ រឹង រាវ ធ្ងន់ ស្រាល ប៉ោង រាបស្មើ គ្រោតគ្រាត រលោង បន្លឺសម្លេង ពណ៌ចម្រុះ និង​ពង្រឹង​បំនិនចលនា​របស់កុមារ ដូចជា អាចចុច ឬចាប់ ឬទាញ​បាន​ ពង្រឹងចលនា​ម្រាមដៃ ឬ​សាច់ដុំ។

សម្គាល់៖ ក្រួសួងសុខាភិបាលផ្ដល់​អនុសាសន៍ឱ្យ​មានការ​បំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់​ ដល់ទារកទើបនឹងកើតរហូត​ដល់​អាយុ៦ខែ។ ចាប់ពី៦ខែឡើង អាច​ផ្ដល់​អាហារ​បន្ថែម​ពីលើទឹកដោះម្ដាយ។

ប្រភព៖ មាត្រាទី៦ អនុក្រឹត្យ​ស្ដី​ពីការផ្សព្វផ្សាយលក់ផលិតផល​សម្រាប់ចិញ្ចឹមទារក​និង​កុមារ ឆ្នាំ​២០០៥។

កូនក្មេងអាយុ១៨ខែ-៣ឆ្នាំ

កូនក្មេងមួយឆ្នាំជាងទៅ២ឆ្នាំ​អាច​ចាប់ផ្ដើមរៀនឬចេះដើរតេះតះ។ កូនក្មេង​ក្នុង​កម្រិតអាយុនេះចាប់ផ្ដើម​ស្វែងយល់ពីបរិយាកាសជុំវិញ​របស់ពួកគេជាមួយនឹងភាព​ឯករាជ្យភាពថ្មី​មួយ (ពួកគេចេះដើរ និង​ព្យាយាមចង់ធ្វើអ្វីដោយខ្លួនឯង) ដូច្នេះ​អាច​នឹង​មានភាពរពឹសច្រើន ឬ​ចង់ធ្វើតាម​មនុស្សធំ។ ពួកគេ​ត្រូវការ អភិវឌ្ឍជំនាញភាសា និងការគ្រប់គ្រងអារម្មណ៍។ ម៉ាក់ប៉ាគួរគាំទ្រ​ការស្វែងយល់​​របស់ពួកគេជាមួយនឹងសម្ភារ​លេង ឬល្បែងកំសាន្តនានា។ ណែនាំ​ ឬ​ឆ្លុះបញ្ចាំង​ឱ្យពួកគេ​ដឹង​ពីរឿងមួយចំនួនដែល​មិនគួរធ្វើ (ឧ. អាច​បង្កគ្រោះថ្នាក់)។ លើកទឹកចិត្តសកម្មភាពរាងកាយ និងអានសៀវភៅសាមញ្ញៗ ដើម្បីបង្កើនបំណិន​ចលនា និងភាសា។

កុមារតូចកម្រិត​មត្តេយ្យ (៣-៦ឆ្នាំ)

កុមារតូច​​កំពុង​កសាង​​សមត្ថភាពក្នុង​ការគិតនិងយល់ដឹង ក៏ដូចជា​កសាង​​ទំនាក់ទំនង​សង្គម​របស់ពួកគេតាមរយៈ​ការលេង និងភាព​ស្រមើស្រម៉ៃ។ កុមារ​តូចមួយចំនួន​ចាប់ផ្ដើមចូលរៀនថ្នាក់​មត្តេយ្យ ឬ​នៅ​ក្នុង​ទីកន្លែងថែទាំ ដែល​សកម្មភាព​លេង​មាន​​រចនាសម្ព័ន្ធ​ជាង​នៅ​ផ្ទះ ទៅតាម​ការ​រៀបចំ​របស់​សាលា។ ម៉ាក់ប៉ាគួរ​ចូលរួម​​លេង​ជាមួយកូន លើកទឹកចិត្តគំនិត​ច្នៃ​ប្រឌិត ឬ​សិល្បៈ សិប្បកម្ម (ការបង្កើត​វត្ថុនានា​ដោយដៃ) កិច្ចការផ្ទះសាមញ្ញៗ ឬកីឡាងាយៗ។ ជំរុញការចង់ដឹងចង់ឃើញជាមួយនឹងការពិសោធន៍​សាមញ្ញ ។ល។

កុមារ​ដល់វ័យ​ចូលរៀន (៦-៨ឆ្នាំ)

កុមារក្នុងវ័យសិក្សាទទួលបានឯករាជ្យភាពកាន់តែច្រើន និងអភិវឌ្ឍជំនាញសិក្សា និងសង្គម តាមរយៈការសិក្សាដែលមានរចនាសម្ព័ន្ធ និងសកម្មភាពក្រៅកម្មវិធីសិក្សា។ ម៉ាក់ប៉ា​គួរ​ជួយ​គាំទ្រ​​ការរៀនសូត្រ​របស់​កូន ផ្តល់ការសរសើរឱ្យ​បាន​ច្រើន និងជួយពួកគេឱ្យចេះជ្រើសរើស​ដោយខ្លួនឯង (កុំប្រាប់គ្រប់រឿង ចូរសួរនិង​ផ្ដល់ជាជំនួយ) ​និង​មានវិន័យខ្លួនឯង។ អនុញ្ញាតឱ្យពួកគេ​យល់​ពី​ផលវិបាក (ឧ. ជ្រើសរើសអ្វីមួយដែលមិនត្រឹមត្រូវ។ សម្គាល់៖ ផលវិបាក​ដែល​មាន​សុវត្ថិភាព អាចកុមារទទួលយកបាន) ឬយល់ពីហេតុផល ​ដើម្បីបណ្ដុះ​​ការទទួលខុសត្រូវ។ ចូលរួមក្នុងសកម្មភាពផ្សេងៗ ​ជាមួយ​កុមារ​ដទៃ ឬ​ក្លឹបម៉ាក់ប៉ា ដើម្បីបង្កើតជំនាញ និងរៀនពីភាពជោគជ័យ ក៏ដូចជារៀនពីកំហុស។

ការចូលរួម​របស់​មនុស្សធំ ឬម៉ាក់ប៉ា​នៅក្នុង​សកម្មភាព​​លេង ឬរៀនសូត្រ​របស់​កូន​នៅ​ក្នុង​ដំណាក់​កាលនីមួយៗ​​ជួយបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការលូតលាស់ និងជាទុន​សម្រាប់អនាគតរបស់ពួកគេ។

ឯកសារជំនួយ

The Ages and Stages of Child Development

សម្ភារលេងបណ្ដុះវិញ្ញាណចម្រុះ Sensory Toys for Kids of All Ages

អនុក្រឹត្យ​ស្ដី​ពីការផ្សព្វផ្សាយលក់ផលិតផល​សម្រាប់ចិញ្ចឹមទារក​និង​កុមារ

Child Development Stages


What's Your Reaction?

ហាហា ហាហា
0
ហាហា
ឡូយ ឡូយ
0
ឡូយ
ល្អ ល្អ
0
ល្អ
ចូលចិត្ត ចូលចិត្ត
0
ចូលចិត្ត
ហ៊ឺ ហ៊ឺ
0
ហ៊ឺ
OMG! OMG!
0
OMG!