ការបណ្ដុះសក្តានុពលច្នៃប្រឌិតរបស់កុមារ គួរចាប់ផ្តើមជាមួយសកម្មភាពដែលគួរឱ្យចាប់អារម្មណ៍ និងសប្បាយរីករាយ។ តាមពិតទៅ គ្រប់ការលេងទាំងអស់របស់កុមារសុទ្ធតែជាភាពច្នៃប្រឌិត សូមម៉ាក់ប៉ាកុំបន្ទុចបង្អាក់ការលេងរបស់ពួកគេ ដរាបណាវាមិនបង្កគ្រោះថ្នាក់ ឬផលប៉ះពាល់អវិជ្ជមាន។ ឪពុកម្ដាយអាចចូលរួមចំណែកតាមរយៈការស្វែងរក ឬបង្កើត សកម្មភាពលេងកំសាន្ត ឬសកម្មភាពច្នៃប្រឌិតនានា ដើម្បីជួយឱ្យកូនៗអភិវឌ្ឍការគិតប្រកបដោយភាពច្នៃប្រឌិត និងបណ្ដុះជំនាញក្នុងការដោះស្រាយបញ្ហា ទៅតាមកម្រិតអាយុ ឬកម្រិតសមត្ថភាពរបស់ពួកគេ។
១. សកម្មភាពសិល្បៈនិងសិប្បកម្ម
មាតាបិតាអាចសិក្សាស្វែងយល់ ឬសម្របសម្រួលឱ្យមានសកម្មភាពសប្បាយនានាៗដើម្បីបណ្ដុះភាពច្នៃប្រឌិតរបស់កូនអ្នក។ សកម្មភាពសិល្បៈគំនូរ និងសិប្បកម្ម(ការធ្វើអ្វីមួយដោយដៃ) គឺជាវិធីដ៏ប្រសើរក្នុងការអនុញ្ញាតឱ្យកុមារបង្ហាញចេញនូវគំនិតរបស់ពួកគេ។ ម៉ាក់ប៉ាអាចរៀបចំជាទីកន្លែង ឬផ្ដល់ជាសម្ភារផ្សេងៗសម្រាប់ការគូរគំនូរ កាត់ឬបត់ក្រដាស ឬការបង្កើតស្នាដៃសិប្បកម្មនានា។ សកម្មភាពទាំងនេះមិនត្រឹមតែបណ្ដុះភាពស្រមើស្រម៉ៃប៉ុណ្ណោះទេ ថែមទាំងអភិវឌ្ឍបំណិនចលនា(ជំនាញក្នុងការប្រើប្រាស់ចលនារាងកាយ)ផងដែរ។
២. ល្បែងច្នៃប្រឌិត
ឪពុកម្ដាយអាចលេងជាមួយ ឬរៀបចំឱ្យកូនក្នុងការលេង ឬការបង្កើត ឬការធ្វើសកម្មភាពដែលបំផុសគំនិតច្នៃប្រឌិតរបស់ពួកគេ ដូចជា សូនរូបដីឥដ្ឋ ធ្វើសេះធាងចេក ផ្គូរផ្គង ឬសាងសង់ (ឧ. ជាមួយប្លុក ឬលេហ្គូ) ដើរតួ (ឧ. ជាអ្នកទិញ/អ្នកលក់ ជាម៉ាក់និងកូន ជាសត្វ ជាដើម ទៅតាមចំណូលចិត្តរបស់កូន) ។ល។ ទៅតាមធនធានដែលអ្នកមាន ឬអាចរកបាន។ ធនធានសាមញ្ញៗអាចរកបានជុំវិញផ្ទះ ដូចជាដីឥដ្ឋ ស្លឹកឈើ មែកធាងរុក្ខជាតិ ។ល។ សុទ្ធតែជាវត្ថុបែបធម្មជាតិ និងល្អសម្រាប់កុមារមានទំនាក់ទំនងជាមួយធម្មជាតិ។
៣. សកម្មភាពសប្បាយៗដែលជំរុញការស្រមើស្រមៃរបស់កូនអ្នក
បង្កើតគម្រោងតូចៗតាមរយៈសកម្មភាពសាមញ្ញៗដូចជាធ្វើខ្លែង បង្កើតសៀវភៅរូបថតគ្រួសារ ធ្វើប្រអប់កាដូ ធ្វើទូរសព្ទពីក្រដាស ធ្វើឡានដីឥដ្ឋ ពិសោធន៍ជាមួយទឹកនិងពណ៌ឬទឹកនិងវត្ថុធ្ងន់ស្រាល និងពិសោធន៍វិទ្យាសាស្ត្រផ្សេងៗ ។ល។ ដែលមានសុវត្ថិភាព និងសមស្របសម្រាប់ពួកគេ។ ក្រៅពីនេះ នៅក្នុងដំណើរកំសាន្តទៅកាន់សួនច្បារ មាត់ទន្លេ ឬកន្លែងនានា ម៉ាក់ប៉ាអាចប្រាប់ឱ្យកុមារសង្កេត ឬរកនូវអ្វីមួយ ដូចជាដើមឈើ ផ្កាដែលមានពណ៌ណាមួយ ។ល។ ឱ្យបានក្នុងចំនួនណាមួយ ជាលក្ខណៈប្រកួតប្រជែងងាយៗ។
សរុបមក ការបញ្ចូលសកម្មភាពនិងល្បែងបែបច្នៃប្រឌិតនឹងជួយបណ្ដុះសមត្ថភាពរបស់ពួកគេក្នុងការកែច្នៃ សង្កេត និងគិតរិះរកមធ្យោបាយដោះស្រាយបញ្ហា ដោយប្រើប្រាស់ធនធាននៅជុំវិញខ្លួន។ នេះគឺជាមូលដ្ឋានគ្រឹះនៃភាពច្នៃប្រឌិត និងការស្រមើស្រម៉ៃ ដែលនឹងអាចនាំឱ្យមានការបង្កើតថ្មីនានា ក៏ដូចជាដោះស្រាយបញ្ហាតាមបែបច្នៃប្រឌិត។