ឪពុកម្ដាយខ្លះ ចង់ឱ្យកូនស្ដាប់បង្គាប់ ប្រើការសម្លុត ឬអំពើហឹង្សា។ ផ្ដល់ការគោរពស្រលាញ់ដល់កូនអ្នក អ្នកនឹងទទួលបានការគោរពស្រលាញ់មកវិញ។ ការប្រាស្រ័យទាក់ទងរវាងមាតាបិតានិងកូន មិនថាតាមរយៈពាក្យសំដី ឬកាយវិការ អាចបង្កភាពស្និទ្ធស្នាល ឬគម្លាតឆ្ងាយពីគ្នា។ បើចង់បង្កើនទំនាក់ទំនងល្អ និយាយគ្នាងាយស្ដាប់ ខាងក្រោមនេះជាចំណុចសាមញ្ញៗចំនួន៤ដែលម៉ាក់ប៉ាអាចធ្វើបាន។
ស្តាប់ដោយយកចិត្តទុកដាក់
បង្ហាញកូនរបស់អ្នកពីការយល់ចិត្តតាមរយៈការស្តាប់ដោយចេញពីទឹកចិត្តល្អ។ នៅពេលនិយាយគ្នា ចូរផ្តល់ចំណាប់អារម្មណ៍ដល់ពួកគេ មើលមុខ ឬភ្នែកដោយក្ដីគោរពស្រលាញ់ (អ្នកខ្លះនិយាយដោយក្រសែភ្នែកបែបមិនខ្វល់ ឬមិនពេញចិត្តដោយសារកូនមិនបានបំពេញតាមការរំពឹងរបស់ខ្លួន ឬមានសំណល់កំហឹងពីអតីតកាល ។ល។)។ ចូរកុំស្ដាប់ដើម្បីស្វែងរកចំណុចវាយប្រហារ ស្ដីបន្ទោស ឌឺដង ឬសើចចំអក។ ពេលស្ដាប់ អ្នកអាចសួរសំណួរ និយាយសង្ខេបខ្លីឡើងវិញ សួរបញ្ជាក់ សួរអំពីអារម្មណ៍ ជាដើម ដែលបង្ហាញថា អ្នកពិតជាបានស្ដាប់ និងយល់អំពីខ្លឹមសារដែលគេកំពុងនិយាយ។ ពេលស្ដាប់រួច ចូរឆ្លើយតបទៅកាន់ពួកគេវិញដោយការយល់ចិត្ត។ ធ្វើបែបនេះនឹងបង្កើតទំនុកចិត្ត ក៏ដូចជាពង្រឹងចំណងទំនាក់ទំនងរវាងម៉ាក់ប៉ា និងកូន និងមានការស្ដាប់គ្នាទៅវិញទៅមក។
ប្រើភាសាសាមញ្ញ
និយាយតាមរបៀបដែលកូនរបស់អ្នកងាយយល់ ទៅតាមអាយុ ឬកម្រិតយល់ដឹងរបស់កុមារ។ ចៀសវាងពាក្យឬឃ្លាស្មុគ្រស្មាញ។ ប្រើភាសាច្បាស់លាស់ ដែលពួកគាត់ងាយយល់ ធ្វើយ៉ាងណាឱ្យទំនាក់ទំនងមានប្រសិទ្ធភាព។ បុគ្គលមួយចំនួនមានផ្តត់គំនិតបែបអំណួត និងផ្ចាញ់ផ្ទាល សូម្បីចំពោះកុមារ ដើម្បីបង្កការលំបាក ឬការសើចចំអកនានា ។ល។ ចូរចៀសវាងបង្ហាញអំពីអំណួត ឬកម្រិតខ្ពស់ខ្ពស់នៃភាសា ព្រោះនេះមិនមែនជាម៉ោងរៀនភាសាទេ តែជាការទំនាក់ទំនងដើម្បីប្រសិទ្ធិភាព។ បើចង់ឆ្លៀតឱ្យកុមារចេះពាក្យសំដីពិបាកណាមួយ ចូរមានភាពអត់ធ្មត់ក្នុងការនិយាយឬបកស្រាយទៅតាមការសមគួរឱ្យពួកគេយល់បាន។
អត់ធ្មត់
ផ្តល់ពេលវេលាឱ្យកូនរបស់អ្នកដើម្បីចែករំលែកគំនិតរបស់ពួកគេដោយមិនរំខានឬប្រញាប់ប្រញាល់ ឬស្ដីបន្ទោសថាគាត់និយាយមិនបានការ។ ការអត់ធ្មត់របស់មាតាបិតាបង្កើតជាទីកន្លែងសុវត្ថិភាពសម្រាប់ការសន្ទនាដោយស្មោះត្រង់ និងពង្រឹងទំនាក់ទំនងរវាងម៉ាក់ប៉ានិងកូនៗ។ ពួកគេនឹងដឹងថា ប្រសិនបើពួកគេមានបញ្ហាណាមួយ ពួកគេអាចនិយាយទៅកាន់ម៉ាក់ប៉ាបាន ដើម្បីស្វែងរកជំនួយ ដោយមិនលាក់លៀម។
លើកទឹកចិត្ត
ការលើកទឹកចិត្តនាំឱ្យមានកម្លាំងចិត្ត និងភាពជឿជាក់។ ចូរសរសើរដល់ការខិតខំប្រឹងប្រែងរបស់ពួកគេ និងអបអរសាទរភាពជោគជ័យ ឬលើកទឹកចិត្តចំពោះមិនជោគជ័យរបស់ពួកគេ។ ធ្វើបែបនេះ កុមារទទួលបានអារម្មណ៍ថា មានការគាំទ្រពីម៉ាក់ប៉ា។ គាត់នឹងមានអារម្មណ៍គោរពស្រលាញ់ឪពុកម្តាយកាន់តែច្រើន។
សរុបមក នៅក្នុងការប្រាស្រ័យទាក់ទងដោយសំដី ការវិការ ឬនៅក្នុងសកម្មភាពនានា ចូរម៉ាក់ប៉ារក្សាការស្ដាប់ដោយយកចិត្តទុកដាក់ ប្រើភាសាត្រឹមត្រូវ មានភាពអត់ធ្មត់ និងផ្ដល់កម្លាំងចិត្ត។ ចំណុចទាំងនេះនឹងលើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធ បង្កើនការគោរពស្រលាញ់។ ពេលនោះហើយ ដែលកូនៗនឹងផ្ដល់នូវទំនុកចិត្តក្នុងការនិយាយគ្នាទៅវិញទៅមក និងមានទំនាក់ទំនងល្អ ក៏ដូចជាបង្កើនការគោរពស្រលាញ់និងដឹងគុណចំពោះមាតាបិតា។