ការទទួលបានអាហាររូបត្ថម្ភត្រឹមត្រូវសម្រាប់កុមារគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការលូតលាស់ផ្នែករាងកាយ និងចិត្ត ក៏ដូចជាការអភិវឌ្ឍន៍ខួរក្បាលរបស់ពួកគេ។ ខាងក្រោមនេះជាគន្លឹះសាមញ្ញចំនួនបីដែលម៉ាក់ប៉ាគួរចងចាំនៅពេលរៀបចំចំណីអាហារឱ្យកូន។
១. ផ្លែឈើ និងបន្លែ ៥មុខយ៉ាងតិច
គួររៀបចំឱ្យកុមារញ៉ាំបន្លែនិងផ្លែឈើឱ្យបាន៥មុខក្នុងមួយថ្ងៃ មានន័យថា ជាសរុបក្នុងអាហារទាំងបីពេលនិងចំណីសម្រន់១-២ពេល គួរមានបន្លែនិងផ្លែឈើសរុបយ៉ាងតិច៥មុខ ឬច្រើនជាងនេះ។ ចូរព្យាយាមឱ្យមាននូវផ្លែឈើ និងបន្លែចម្រុះពណ៌ ដើម្បីឱ្យកុមារទទួលបាននូវវីតាមីន និងសារធាតុរ៉ែចម្រុះ ដែលជួយឱ្យពួកគេលូតលាស់ និងរឹងមាំ។ ក្នុងខណៈពេលនេះដែរ ចូរអនុញ្ញាតឱ្យកុមារជ្រើសរើសអ្វីដែលពួកគេចូលចិត្ត។
ក្នុងករណីដែលកុមារមិនចូលចិត្តបន្លែ ឬផ្លែឈើ ឬម្ហូបណាមួយ ចូរចៀសវាងការបង្ខំកូន។ ជាដំណោះស្រាយ សូមរកបន្លែ ឬផ្លែឈើជំនួស និងប្រសិនបើចាំបាច់ ម៉ាក់ប៉ាអាចស្វែងរកវិធីផ្សេងៗដែលសប្បាយៗ ឬដែលពាក់ព័ន្ធជាមួយតួអង្គដែលពួកគេចូលចិត្ត ដើម្បីទាក់ទាញឱ្យពួកគេញ៉ាំ។ ចំណង់ចំណូលចិត្តរបស់កុមារក៏នឹងប្រែប្រួលទៅតាមពេលវេលាដែរ។
២. ជ្រើសរើសអាហារធម្មជាតិ និងពេញលេញតាមដែលអាចធ្វើទៅបាន
អាហារពេញលេញសំដៅដល់អាហារដែលធម្មជាតិបង្កើតមកយ៉ាងណា គឺយ៉ាងនោះហើយ និងមិនត្រូវបានគេយកទៅកែច្នៃ បន្ថែមបន្ថយសារធាតុផ្សេងៗនោះទេ។ និយាយជារួម គឺអាហារដែលមិនកែច្នៃ ឬកែច្នៃក្នុងកម្រិតតិចតួច។ អាហារដែលកែច្នៃមិនមែនជាអាហារពេញលេញទេ ពីព្រោះវាត្រូវបានគេលាយឡំនូវគ្រឿងកែច្នៃ ឬគ្រឿងសិប្បនិមិត្តនានា (សូមមើលចំណុចខាងក្រោម)។ ធានាយ៉ាងណាឱ្យកុមារទទួលបានអាហារចម្រុះក្រុមដូចជា អាហារប្រភេទប្រូតេអ៊ីន (សាច់ ស៊ុត) អាហារផ្ដល់ថាមពល (ធញ្ញជាតិ) និងអាហារទ្រទ្រង់ប្រព័ន្ធរាងកាយ (បន្លែផ្លែឈើ)។
៣. បន្ថយឬកំណត់អាហារសម្រន់កែច្នៃ
ពពួកអាហារកែច្នៃ(ផ្អែមឬប្រៃ) មានដូចជា អាហារកញ្ចប់ ពពួកនំឬនំប៉័ង(ដែលមានធាតុផ្សំពីម្ស៉ៅដែលត្រូវបានកែច្នៃកម្រិតធ្ងន់ធ្ងរ) ប្រហិត ហតដក សូកូឡា ស្ករគ្រាប់ ការ៉េម ភេសជ្ជៈផ្អែម ។ល។ អាហារទាំងនេះភាគច្រើន បានបាត់បង់ជាតិសរសៃធម្មជាតិ និងគ្មានសារជាតិចិញ្ចឹមឬអាហារូបត្ថម្ភទេ (ទោះបីគេអាចដាក់ស្លាកថាអាហារសុខភាពក៏ដោយ!) ហើយភាគច្រើនមានតែជាតិម្ស៉ៅ ស្ករ អំបិល ប៊ីចេង ពណ៌ ឬសារជាតិសិប្បនិមិត្តផ្សេងៗ។ ត្រង់នេះមិនមែនមាន័យថា វាជាអាហារដែលគួរឱ្យខ្លាចនោះទេ។ គេនៅតែអាចហូបអាហារប្រភេទនេះបាន ប៉ុន្តែបើហូបជាទៀងទាត់ និងក្នុងកម្រិតលើសលប់ វានឹងបង្កជាបញ្ហាសុខភាព។ បើកុមារចង់ញ៉ាំ អាចអនុញ្ញាតិក្នុងកម្រិតសមរម្យ ឬយូរៗម្ដង និងពន្យល់ណែនាំពួកគេអំពីផលប៉ះពាល់។
ដូច្នេះ ម៉ាក់ប៉ាចាំបាច់ត្រូវរៀបចំយ៉ាងណាឱ្យកុមារទទួលបាននូវអាហារសុខភាព ច្រើនជាងពពួកអាហារកែច្នៃ ដើម្បីធានាថា អាហារដែលពួកគេញ៉ាំ បានផ្ដល់នូវអាហារូបត្ថម្ភគ្រប់គ្រាន់ ដែលនឹងរួមចំណែកដល់សុខុមាលភាព និងការអភិវឌ្ឍន៍របស់ពួកគេ។