គន្លឹះ​ខ្លីៗ​និយាយជាមួយកូនដោយ​ប្រសិទ្ធិភាព

ឪពុកម្ដាយខ្លះ ចង់ឱ្យ​កូនស្ដាប់បង្គាប់ ប្រើការសម្លុត ឬអំពើហឹង្សា។ ការប្រាស្រ័យទាក់​ទងរវាង​​មាតាបិតា​និង​​កូន​ មិនថា​តាមរយៈពាក្សំដី ឬកាយវិការ អាច​បង្កភាព​ស្និទ្ធស្នាល ឬ​គម្លាត​ឆ្ងាយពីគ្នា។ បើចង់​បង្កើនទំនាក់ទំនង​ល្អ និយាយគ្នា​​ងាយ​ស្ដាប់ ចូរ​អនុវត្ត​ចំណុច​ចំនួន​៤ខាងក្រោម។


ឪពុកម្ដាយខ្លះ ចង់ឱ្យ​កូនស្ដាប់បង្គាប់ ប្រើការសម្លុត ឬអំពើហឹង្សា។ ផ្ដល់​ការ​គោរព​ស្រលាញ់ដល់កូនអ្នក អ្នកនឹងទទួលបាន​ការគោរព​​ស្រលាញ់មកវិញ។ ការប្រាស្រ័យទាក់​ទងរវាង​​មាតាបិតា​និង​​កូន​ មិនថា​តាមរយៈពាក្យសំដី ឬកាយវិការ អាច​បង្កភាព​ស្និទ្ធស្នាល ឬ​គម្លាត​ឆ្ងាយពីគ្នា។ បើចង់​បង្កើនទំនាក់ទំនង​ល្អ និយាយគ្នា​​ងាយ​ស្ដាប់ ខាងក្រោមនេះជា​ចំណុចសាមញ្ញៗ​ចំនួន​៤ដែល​ម៉ាក់ប៉ា​អាចធ្វើបាន។

ស្តាប់ដោយយកចិត្តទុកដាក់

បង្ហាញកូនរបស់អ្នកពីការ​យល់​ចិត្ត​តាមរយៈការ​​ស្តាប់​ដោយ​ចេញ​ពីទឹកចិត្ត​ល្អ។ នៅពេលនិយាយគ្នា ចូរ​ផ្តល់​ចំណាប់អារម្មណ៍​ដល់​ពួកគេ មើលមុខ ឬភ្នែកដោយក្ដីគោរពស្រលាញ់ (អ្នកខ្លះ​និយាយ​ដោយ​ក្រសែភ្នែក​បែប​មិនខ្វល់ ឬ​មិនពេញចិត្ត​ដោយសារ​កូនមិន​បានបំពេញ​តាម​ការរំពឹង​របស់ខ្លួន ឬ​មានសំណល់កំហឹង​ពីអតីតកាល ។ល។)។ ចូរ​កុំស្ដាប់ដើម្បី​ស្វែង​រកចំណុច​វាយប្រហារ ស្ដីបន្ទោស ឌឺដង ឬ​សើចចំអក។ ពេល​ស្ដាប់ អ្នកអាច​សួរសំណួរ និយាយ​សង្ខេបខ្លីឡើងវិញ សួរ​បញ្ជាក់ សួរ​អំពីអារម្មណ៍ ជាដើម ដែល​បង្ហាញ​ថា អ្នក​ពិតជាបាន​ស្ដាប់ និង​យល់​អំពី​ខ្លឹមសារ​ដែល​គេ​កំពុងនិយាយ។ ពេលស្ដាប់រួច ចូរ​​ឆ្លើយតប​ទៅ​កាន់​ពួកគេ​វិញ​ដោយការយល់ចិត្ត។ ធ្វើបែបនេះ​នឹង​បង្កើតទំនុកចិត្ត ក៏ដូចជា​ពង្រឹងចំណងទំនាក់ទំនង​រវាង​ម៉ាក់ប៉ា និង​កូន និង​មាន​ការ​ស្ដាប់​គ្នាទៅវិញទៅមក។

ប្រើភាសាសាមញ្ញ

និយាយតាមរបៀបដែលកូនរបស់អ្នកងាយយល់ ទៅ​តាម​អាយុ ឬ​កម្រិត​យល់ដឹង​របស់​កុមារ។ ចៀសវាងពាក្យឬឃ្លា​ស្មុគ្រស្មាញ។ ប្រើភាសា​ច្បាស់លាស់ ដែល​ពួកគាត់ងាយយល់ ​ធ្វើយ៉ាងណា​ឱ្យទំនាក់ទំនងមានប្រសិទ្ធភាព។ បុគ្គល​មួយចំនួន​មាន​ផ្តត់គំនិត​បែបអំណួត និង​ផ្ចាញ់ផ្ទាល សូម្បីចំពោះ​កុមារ ដើម្បី​​បង្កការលំបាក ឬ​ការ​សើចចំអកនានា ។ល។ ចូរ​ចៀសវាង​បង្ហាញ​អំពី​​អំណួត​ ឬ​កម្រិត​ខ្ពស់ខ្ពស់នៃ​ភាសា ព្រោះនេះ​មិនមែនជាម៉ោងរៀន​ភាសាទេ តែ​ជាការ​ទំនាក់ទំនង​ដើម្បី​ប្រសិទ្ធិភាព។ បើចង់ឆ្លៀត​ឱ្យកុមារ​ចេះពាក្យសំដីពិបាកណាមួយ ចូរ​មានភាពអត់ធ្មត់​ក្នុងការ​និយាយ​ឬបកស្រាយ​​ទៅតាម​ការ​សមគួរ​ឱ្យ​ពួកគេ​យល់បាន។

អត់ធ្មត់

ផ្តល់ពេលវេលាឱ្យកូនរបស់អ្នកដើម្បីចែករំលែកគំនិតរបស់ពួកគេដោយមិនរំខានឬប្រញាប់ប្រញាល់​ ឬស្ដី​បន្ទោស​ថា​គាត់​និយាយ​មិន​បានការ។ ការអត់ធ្មត់​របស់​មាតា​បិតា​បង្កើត​ជា​ទីកន្លែងសុវត្ថិភាព​សម្រាប់ការសន្ទនាដោយស្មោះត្រង់ និងពង្រឹងទំនាក់ទំនងរវាងម៉ាក់ប៉ា​និង​កូនៗ។ ពួកគេ​នឹង​ដឹងថា ប្រសិនបើ​ពួកគេ​មាន​បញ្ហាណាមួយ ពួកគេ​អាចនិយាយ​ទៅកាន់​ម៉ាក់ប៉ាបាន ដើម្បីស្វែងរកជំនួយ ដោយ​មិនលាក់លៀម។

លើកទឹកចិត្ត

ការ​លើកទឹកចិត្ត​នាំ​ឱ្យ​មាន​កម្លាំង​ចិត្ត និងភាពជឿជាក់។ ចូរសរសើរ​ដល់​ការខិតខំប្រឹងប្រែងរបស់ពួកគេ និងអបអរសាទរភាពជោគជ័យ ឬ​លើកទឹកចិត្ត​ចំពោះមិនជោគជ័យ​របស់ពួកគេ។ ធ្វើបែបនេះ កុមារ​ទទួល​បាន​អារម្មណ៍ថា មាន​ការ​គាំទ្រពីម៉ាក់ប៉ា។ គាត់​នឹង​មាន​អារម្មណ៍​គោរព​ស្រលាញ់​ឪពុកម្តាយ​កាន់តែច្រើន។

សរុបមក នៅក្នុងការប្រាស្រ័យទាក់ទងដោយ​សំដី ការវិការ ឬ​នៅ​ក្នុង​សកម្មភាព​នានា ចូរ​ម៉ាក់ប៉ា​រក្សា​ការ​ស្ដាប់ដោយយកចិត្តទុកដាក់ ប្រើភាសា​ត្រឹមត្រូវ មានភាពអត់ធ្មត់ និង​ផ្ដល់​កម្លាំងចិត្ត។ ចំណុចទាំងនេះ​នឹង​លើកកម្ពស់​ទំនាក់ទំនងជិតស្និទ្ធ បង្កើនការគោរពស្រលាញ់។ ពេលនោះ​ហើយ ដែល​​កូនៗ​​នឹង​ផ្ដល់នូវទំនុកចិត្ត​ក្នុង​ការ​និយាយគ្នាទៅវិញទៅ​មក និង​មានទំនាក់ទំនង​ល្អ ក៏ដូចជាបង្កើនការ​គោរពស្រលាញ់​និង​ដឹងគុណចំពោះមាតាបិតា។


What's Your Reaction?

ហាហា ហាហា
0
ហាហា
ឡូយ ឡូយ
1
ឡូយ
ល្អ ល្អ
1
ល្អ
ចូលចិត្ត ចូលចិត្ត
4
ចូលចិត្ត
ហ៊ឺ ហ៊ឺ
0
ហ៊ឺ
OMG! OMG!
0
OMG!